Colossians 3

1ដូច្នេះបើ​សិន​ជា​អ្នករាល់គ្នា​បាន​រស់​ឡើង​វិញ​រួម​ជាមួយ​ព្រះ​គ្រិស្ដមែន​ចូរ​ស្វែងរក​អ្វីៗ​ដែលនៅ​ស្ថាន​លើ​ជា​ស្ថាន​ដែល​ព្រះ​គ្រិស្ដគង់ខាងស្ដាំនៃព្រះជាម្ចាស់​នោះ​វិញ។ 2ចូរគិត​ពី​អ្វីៗ​ដែលនៅ​ស្ថាន​លើកុំ​គិត​ពី​អ្វីៗ​ដែលនៅផែនដី​ឲ្យ​សោះ 3ដ្បិតអ្នករាល់គ្នា​បាន​ស្លាប់ហើយរីឯជីវិត​របស់​អ្នករាល់គ្នា​ក៏​បាន​លាក់ទុកជាមួយ​ព្រះ​គ្រិស្ដនៅក្នុងព្រះជាម្ចាស់​ដែរ។ 4ពេលព្រះ​គ្រិស្ដ​ដែល​ជាជីវិត​របស់​អ្នករាល់គ្នាបង្ហាញខ្លួននោះអ្នករាល់គ្នាក៏​នឹង​បង្ហាញខ្លួនជាមួយព្រះអង្គនៅក្នុងសិរីរុងរឿងដែរ 5ដូច្នេះចូរ​សម្លាប់អ្វីៗខាងលោកិយ​ចោល​ទៅ​គឺ​អំពើ​អសីលធម៌​ខាង​ផ្លូវ​ភេទសេចក្ដីស្មោកគ្រោកតណ្ហាថោកទាប​សេចក្ដី​ប៉ងប្រាថ្នាអាក្រក់និងសេចក្ដីលោភលន់ដែលជា​ការ​ថ្វាយបង្គំ​រូប​ព្រះ 6ដ្បិតដោយព្រោះតែអំពើ​ទាំងនោះ​ហើយ​បាន​ជា​សេចក្ដី​ក្រោធ​របស់​ព្រះជាម្ចាស់ធ្លាក់លើ​ពួក​កូន​ដែល​មិន​ស្ដាប់​បង្គាប់ 7ហើយកាល​ពី​មុនពេល​អ្នករាល់គ្នា​រស់នៅក្នុងចំណោម​អ្នក​ទាំងនោះ​ក៏​បាន​ប្រព្រឹត្ដ​អំពើ​ទាំងនោះ​ដែរ 8ប៉ុន្ដែឥឡូវនេះ​ចូរ​អ្នករាល់គ្នាលះបង់​អំពើ​ទាំងអស់​នោះ​ចោល​ទៅ​គឺ​ចិត្ដ​ក្ដៅ​ក្រហាយកំហឹងសេចក្ដីអាក្រក់ការ​ជេរ​ប្រមាថ​និង​ពាក្យ​មិនសមរម្យ​ចេញ​ពីមាត់​របស់​អ្នករាល់គ្នា 9កុំកុហកគ្នាឡើយ​ដ្បិត​អ្នករាល់គ្នា​បាន​ដោះមនុស្សចាស់ជាមួយនឹងការប្រព្រឹត្ដិ​របស់​វា​ចោល​ហើយ 10រួចអ្នករាល់គ្នា​ក៏​បាន​ពាក់​មនុស្ស​ថ្មីដែល​កំពុង​ផ្លាស់​ប្រែ​ជា​ថ្មីខាងឯការ​យល់​ដឹងដើម្បី​ឲ្យ​ត្រូវ​នឹងរូបអង្គ​របស់​ព្រះ​ដែល​បាន​បង្កើត​មនុស្ស​ថ្មី​នោះ 11នៅសណ្ឋាន​នោះលែងមានជនជាតិក្រេក​ជនជាតិ​យូដា​ពួក​កាត់ស្បែក​ពួក​មិន​កាត់​ស្បែក​ពួក​មនុស្សព្រៃ​ឬ​ពួក​ជនជាតិភាគតិចបាវបម្រើ​ឬ​អ្នកមានសេរីភាពទៀតហើយព្រោះ​ព្រះ​គ្រិស្ដជាទាំងអស់ហើយ​គង់​នៅក្នុង​អ្វីៗ​ទាំងអស់ 12ដូច្នេះដោយព្រោះ​ព្រះជាម្ចាស់​បាន​រើសតាំង​អ្នករាល់គ្នា​ជា​ពួក​បរិសុទ្ធនិង​ជា​ទីស្រលាញ់​របស់​ព្រះអង្គ​ចូរ​ពាក់ចិត្ដអាណិតអាសូរ​ចិត្ដ​សប្បុរស​ចិត្ដ​សុភាព​ចិត្ដ​ស្លូតបូត​និង​ចិត្ដ​អត់ធ្មត់ចុះ 13ចូរទ្រាំទ្រគ្នាទោះបីមានរឿង​អ្វី​មួយទាស់នឹងអ្នកណាក៏ដោយ​ត្រូវ​លើកលែងទោស​ឲ្យ​គ្នា​ទៅវិញ​ទៅមក​ដ្បិត​ព្រះអម្ចាស់​បាន​លើកលែងទោស​ឲ្យ​អ្នករាល់គ្នាជា​យ៉ាង​ណាអ្នករាល់គ្នាក៏​ត្រូវ​ធ្វើដូច្នោះដែរ 14លើសពី​សេចក្ដី​ទាំងអស់នេះ​ចូរ​ពាក់​សេចក្ដី​ស្រលាញ់ដែល​នាំ​ឲ្យ​មាន​ការ​រួបរួម​គ្នា​យ៉ាង​គ្រប់​លក្ខណ៍​ចុះ។ 15ចូរឲ្យ​សេចក្ដី​សុខសាន្ដ​របស់​ព្រះ​គ្រិស្ដគ្រប់គ្រងនៅក្នុងចិត្ដ​របស់​អ្នករាល់គ្នា​ដ្បិត​ព្រះជាម្ចាស់​បាន​ត្រាស់​ហៅ​អ្នករាល់គ្នា​ឲ្យ​ចូល​មកក្នុងរូបកាយតែមួយដើម្បី​សេចក្ដី​នោះឯងហើយ​ចូរ​អរព្រះគុណ​ផង។ 16ចូរឲ្យ​ព្រះ​បន្ទូលរបស់​ព្រះ​គ្រិស្ដស្ថិតនៅក្នុងអ្នករាល់គ្នាជាបរិបូរ​ហើយ​បង្រៀននិងទូន្មានគ្នាដោយប្រាជ្ញាគ្រប់​បែប​យ៉ាង​ទាំង​ច្រៀងទំនុកតម្កើងទំនុកបរិសុទ្ធ​ព្រមទាំង​ចម្រៀងខាងវិញ្ញាណ​ថ្វាយ​ព្រះជាម្ចាស់ដោយអរព្រះគុណ​ព្រះអង្គ​នៅក្នុងចិត្ដ​ចុះ។ 17ការអ្វីក៏ដោយដែល​អ្នករាល់គ្នា​ធ្វើ​មិន​ថា​ពាក្យសំដីការប្រព្រឹត្ដិ​ក្ដី​ចូរ​ធ្វើការ​ទាំងអស់នៅក្នុង​ព្រះ​នាមព្រះអម្ចាស់យេស៊ូ​ចុះ​ទាំង​អរព្រះគុណព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតាតាមរយៈព្រះអង្គ 18ប្រពន្ធរាល់គ្នា​អើយ! ​ចូរ​ចុះចូលនឹងប្ដី​របស់​ខ្លួន​ចុះ​ដោយព្រោះ​ជា​ការ​សមរម្យ​នៅក្នុងព្រះអម្ចាស់ 19ប្ដីរាល់គ្នា​អើយ! ​ចូរ​ស្រលាញ់ប្រពន្ធរបស់ខ្លួនចុះកុំមួម៉ៅដាក់នាងឡើយ 20ក្មេងរាល់គ្នា​អើយ! ​ចូរ​ស្ដាប់បង្គាប់ឪពុកម្ដាយនៅក្នុង​ការ​ទាំងអស់ដ្បិតនេះជាការ​ដែល​ព្រះអម្ចាស់សព្វព្រះហឫទ័យ 21ឪពុករាល់គ្នា​អើយ! ​ចូរ​កុំរក​រឿង​ធ្វើ​ឲ្យ​កូន​របស់​ខ្លួនខឹងឡើយក្រែងលោ​វា​ខូចចិត្ត 22បាវបម្រើរាល់គ្នា​អើយ! ​ចូរ​ស្ដាប់​បង្គាប់​ចៅហ្វាយខាងសាច់ឈាមនៅក្នុង​ការ​ទាំងអស់ចុះមិន​មែន​បម្រើ​តែ​ក្នុង​ការ​ដែល​គេ​មើល​ឃើញ​ដូចជា​ចង់​ផ្គាប់​ចិត្ដ​មនុស្សឡើយគឺ​ត្រូវ​ធ្វើ​ដោយចិត្ដស្មោះត្រង់​ទាំង​កោតខ្លាចព្រះអម្ចាស់ 23ហើយការ​អ្វីក៏ដោយដែល​អ្នករាល់គ្នា​ធ្វើ​ចូរ​ធ្វើ​ឲ្យ​អស់​ពីចិត្ដចុះ​ដូចជា​បម្រើ​ព្រះអម្ចាស់មិន​មែន​ដូចជា​បម្រើ​មនុស្សទេ 24ដោយដឹងថា​អ្នករាល់គ្នា​នឹង​ទទួលបានមរតកជារង្វាន់ពីព្រះអម្ចាស់​ដ្បិត​អ្នករាល់គ្នា​បម្រើ​ព្រះ​គ្រិស្ដ​ជា​ព្រះអម្ចាស់ 25អ្នកណាធ្វើខុស​អ្នក​នោះ​នឹង​ទទួលផល​តាម​ដែលធ្វើខុសហើយ​ព្រះអង្គ​មិនមាន​សេចក្ដី​លំអៀងឡើយ
Copyright information for KhmKCB